ការធ្វើ Frontend សម័យឥឡូវ កំពុងវិវត្តទៅជាការងារបែប Full-stack កាន់តែខ្លាំងហើយ ជាពិសេសជាមួយការ ចាប់យកបច្ចេកវិទ្យា SSR ដូចជា Next.js, Nuxt និង SvelteKit ជាដើម។
កាលពីមុន ការងារ Frontend ភាគច្រើនគឺផ្ដោតលើ HTML, CSS និង JavaScript ដែលដើរនៅលើ Browser តែមួយមុខទេ។ Developer ភាគច្រើនចំណាយពេលលើការរៀប Layout, Styling, Animations និងការធ្វើ User interactions។ ប៉ុន្តែបច្ចុប្បន្ន Frontend Developer ត្រូវមានភារកិច្ចកាន់តែច្រើនដូចជា Server-side rendering, API routes, យុទ្ធសាស្ត្រ Caching, Authentication, SEO optimization, Edge functions រហូតដល់ការចូលទៅកាន់ Database ទៀតផង។ មើលទៅ Frontend និង Backend ហាក់ដូចជាកំពុងរលាយចូលគ្នាបែងចែកលែងច្បាស់ទៅហើយ។
យើងអាចប្រៀបធៀបបានថា កាលពីមុន Frontend Developer ហាក់ដូចជាអ្នករៀបចំដេគ័រ និងតុបតែងមុខហាងបាយឱ្យស្អាត ប៉ុន្តែឥឡូវនេះ គេរំពឹងថាពួកគេត្រូវយល់ដឹងទាំងរបៀបការងារក្នុងផ្ទះបាយ (Kitchen workflow), ប្រព័ន្ធគ្រប់គ្រងស្ដុក (Inventory), ការដឹកជញ្ជូន (Delivery) និងប្រព័ន្ធទូទាត់ប្រាក់នៅពីក្រោយទៀតផង។ (សរុបមកគឺរៀបចំតាំងពីមុខហាង ដល់ក្រោយផ្ទះតែម្ដង!)
នៅក្នុង Project ជាក់ស្ដែង បញ្ហានឹងលេចឡើងភ្លាមៗ៖ ឧទាហរណ៍ Page មួយអាចដើរបានយ៉ាងល្អឥតខ្ចោះក្នុងម៉ាស៊ីនរបស់យើង (Local development) ប៉ុន្តែនៅពេល Deploy ទៅប្រើប្រាស់ជាក់ស្តែង យើងស្រាប់តែត្រូវឈឺក្បាលជាមួយបញ្ហា SSR hydration mismatches, CDN cache invalidation, បញ្ហា Authentication cookies រវាង Server និង Browser ឬ អាចឆ្ងល់ថា ហេតុអ្វីបានជា API calls ដើរខុសគ្នានៅលើ Server និងនៅលើ Client។
ការងារ Frontend សម័យថ្មី មិនមែនត្រឹមតែជាការ "ធ្វើ UI" ទៀតទេ ប៉ុន្តែគឺត្រូវយល់ពីរបៀបដែល Web application ទាំងមូលដំណើរការ តាំងពី Browser ដល់ Server រហូតដល់ Infrastructure។
ដូច្នេះ ប្អូនៗ Developer ជំនាន់ក្រោយ គួរត្រៀមខ្លួនរៀនឱ្យលើសពី Frameworks និង Components។ គួរស្វែងយល់បន្ថែមពី Networking, HTTP caching, Authentication, Databases និងការធ្វើ Deployment ព្រោះវិស័យ Frontend សម័យឥឡូវ ផ្ដល់តម្លៃខ្ពស់ដល់ Developer ណាដែលយល់ពីប្រព័ន្ធ (System) ទាំងមូល ច្រើនជាងអ្នកដែលចេះត្រឹមតែផ្នែក Visual ខាងក្រៅ។
